កំពង់ធំជាខេត្តមួយដែលមានជាប់ទាក់ទងរឿងប្រវត្តិសាស្ត្រច្រើន ហើយក៏ជាខេត្តមួយនៅចំកណ្ដាលនៃប្រទេសកម្ពុជាផងដែរ។ ប្រិយមិត្តដែលធ្វើដំណើរទៅលេងខេត្តសៀមរាប ច្បាស់ណាស់ប្រាកដជាត្រូវឆ្លងកាត់ខេត្តកំពង់ធំសិន ហើយក៏កាន់តែស្គាល់ច្បាស់ថែមទៀតនៅកន្លែងលំហែកាយមួយឈ្មោះថាព្រៃប្រស់ជាមិនខាន។
ជាក់ស្ដែងទៅ នៅកំពង់ធំមិនមែនមានតែកន្លែងមួយនេះទេដែលគេចាប់អារម្មណ៍ច្រើននោះ ពោលគឺនៅមានកន្លែងច្រើនទៀត ដែលប្រិយមិត្តអាចទៅលេងបាន នៅថ្ងៃឈប់សម្រាក ហើយថែមទាំងសប្បាយរីករាយថែមទៀតផង។ ដូច្នេះហើយ ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុករបស់ក្រុមហ៊ុន Sabay សូមលើកយកតែ៣កន្លែងទេ សម្រាប់បង្ហាញប្រិយមិត្ត៖
១. ព្រៃប្រស់
ព្រៃប្រស់ជាកន្លែងលំហែកាយមួយ ដែលមានចម្ងាយពីក្រុងកំពង់ធំ ១៦គីឡូម៉ែត្រ។ កន្លែងនេះ ភាគច្រើនភ្ញៀវតែងតែឈប់សម្រាកញ៉ាំអាហារ ហើយថ្ងៃចុងសប្ដាហ៍ក៏មានអ្នកទៅអង្គុយលេងច្រើនដែរ ត្បិតអីវាមានខ្យល់អាកាសបរិសុទ្ធ និងទេសភាពស្អាតណាស់។
២. រមណីយដ្ឋានសំបូរព្រៃគុក
នរណាក៏ដោយឱ្យតែទៅលេងនៅកំពង់ធំ គឺមិនដែលភ្លេចឡើយនៅរមណីយដ្ឋានសំបូរព្រៃគុក ព្រោះកន្លែងនេះជាតំបន់ទីក្រុងបុរាណរបស់ខ្មែរ។ សំបូរព្រៃគុក មានចម្ងាយ៣០គីឡូម៉ែត្រទីក្រុងកំពង់ធំ ហើយភ្ញៀវដែលបានទៅលេងហើយ ប្រាកដជាមានអារម្មណ៍ស្រស់ស្រាយមែនទែន ព្រោះក្នុងតំបន់នេះមានដើមឈើធំៗជាច្រើន ត្រជាក់ស្រួលណាស់។
៣. រមណីយដ្ឋានបឹងសំរឹទ្ធិ
បឹងសំរឹទ្ធិ គឺជារមណីយដ្ឋានដែលទើបតែបង្កើតឡើងទេ ប៉ុន្តែកំពុងតែទាក់ចិត្តភ្ញៀវខ្លាំងមែនទែន ព្រោះកន្លែងនេះមានការកម្សាន្តច្រើន ហើយផ្ទៃដីដល់ទៅ ៤៧ហិកតាឯណោះ។ មិនត្រឹមតែជាកន្លែងសម្រាប់កម្សាន្តធម្មតាទេ បឹងសំរឹទ្ធិក៏ជាទីពេញនិយមសម្រាប់អ្នកទៅថត Pre-Wedding ផងដែរ។
សូមបញ្ជាក់ថាក្រៅពីតំបន់ខាងលើនេះហើយ នៅមានកន្លែងផ្សេងទៀតដែរនៅកំពង់ធំ ដែលមានអ្នកទៅលេងច្រើនដូចជា ភ្នំសន្ទុក និងរមណីយដ្ឋានទំនប់បង្ហៀរទឹក១មករា ជាដើម៕
អត្ថបទ៖ មុន្នីរម្យ
0 comments :
Post a Comment