រមណីយដ្ឋានអន្លង់ផ្សោត ដែលស្ថិតនៅភូមិកាំពី ខាងកើតច្រាំងទន្លេមេគង្គ ចម្ងាយ១៥គីឡូម៉ែត្រខាងជើងក្រុងក្រចេះ តាមផ្លូវជាតិលេខ៧ បានក្លាយជាបេះដូងទាក់ទាញភ្ញៀវទេសចរច្រើនដាច់គេ ប្រចាំខេត្តក្រចេះ។ ភ្ញៀវទេសចរទាំងជាតិ ពិសេសភ្ញៀវទេសចរអន្តរជាតិយ៉ាងច្រើនកុះករ តែងនាំគ្នាទៅទស្សនាផ្សោតផុសចេញស្តែងៗផ្ទាល់ភ្នែកតែម្ដង នៅទីនោះ។
ទស្សនាវីដេអូផ្សោតបង្ហាញខ្លួនលើផ្ទះទឹកអន្លង់ផ្សោត
លោក ទុយ សុវណ្ណ ប្រធានសហគមន៍តំបន់ទេសចរណ៍អន្លង់ផ្សោត បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ឲ្យដឹងថា បច្ចុប្បន្ននៅអន្លង់ផ្សោត ដែលជាទីជម្រកសត្វផ្សោតច្រើនជាងគេបង្អស់នៅកម្ពុជា នៅសល់ប្រហែលពី ៣០ទៅ៣៥ក្បាលប៉ុណ្ណោះ ខណៈដែលកាលពីលោកនៅតូច មានចំនួនរាប់រយក្បាលឯណោះ។ ផ្សោត ដែលស៊ីត្រីស្ទើរគ្រប់ប្រភេទជាអាហារ បានបាត់បង់ជីវិតម្តងមួយៗ និងកំពុងប្រឈមនឹងការផុតពូជបច្ចុប្បន្ននេះ ដោយសារមានការលួចនេសាទខុសច្បាប់ ឆក់ត្រី ឬដាក់មងជាដើម ហើយជាធម្មតា ផ្សោតពេលប៉ះមង ទោះមងនោះប៉ុន្មានហ៊ុន ក៏រមូរកន្ទុយជាប់ និងស្លាប់បាត់បង់ជីវិតមួយរំពេចនោះដែរ។
ទោះជាយ៉ាងណា លោកបានបន្តថា ពេលនេះផ្សោតដែលសល់ប្រហែល៣៥ក្បាល ត្រូវបានក្រុមអភិរក្សទន្លេមេគង្គ ព្យាយាមថែរក្សាយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីបង្ការកុំឲ្យផុតពូជ និងដើម្បីបម្រើដល់ភ្ញៀវទេសចរ ឲ្យបានជាចំណូលជួយដល់ជីវភាពរស់នៅរបស់ប្រជាជន នៅសហគមន៍របស់លោក។
“ភ្ញៀវទេសចរ មកលេងនៅអន្លងផ្សោត មានការកើនឡើងរាល់ឆ្នាំ ជាក់ស្តែងឆ្នាំមុនមានភ្ញៀវជាតិប្រហែល២ម៉ឺននាក់ និងភ្ញៀវបរទេសខ្ទង់ ៨ម៉ឺននាក់ជុំវិញពិភពលោក មកទស្សនា និងផ្តិតយករូបភាពពេលផ្សោតផុសនៅទីនេះ។ ប្រជាជនមានជីវភាពធូរធារ ក៏បានមកពីភ្ញៀវទេសចរទាំងអស់នេះ មួយផ្នែកធំផងដែរ តាមរយៈលក់វត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារជាដើម”។ លោក សុវណ្ណ បានបញ្ជាក់បន្ថែម៕
អត្ថបទ៖ វិន ជីវ័ន្ត
0 comments :
Post a Comment