កោះទ្រង់ ដែលស្ថិតនៅទល់មុខចំក្រុងក្រចេះ បានបង្ហាញទេសភាពស្រស់ស្អាត ជាទីកម្សាន្តដ៏ជក់ចិត្តបំផុតមួយ សម្រាប់ភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិ ដែលធ្វើដំណើរទៅលេងនៅខេត្តក្រចេះ ជាពិសេសការស្នាក់នៅគឺធូរថ្លៃមែនទែន ត្រឹមតែ៣ដុល្លារប៉ុណ្ណោះក្នុង១យប់។
ធ្វើដំណើរដោយជិះទូក ឆ្លងទន្លេមេគង្គប្រហែល១គីឡូម៉ែត្រ នឹងទៅដល់កោះធម្មជាតិដែលស្ថិតនៅសង្កាត់កោះទ្រង់ ក្រុងក្រចេះមានខ្យល់អាកាសបរិសុទ្ធ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ជាពិសេសមានវាលខ្សាច់ដ៏ធំធេងទៀតផង។ កោះទ្រង់ មានផ្ទៃដីទំហំ ២២៣ហិកតារ ដែលបែងចែកជាពីរភូមិ (ក្បាលកោះ និងចុងកោះ)។ ប្រជាជន ភាគច្រើននៅទីនោះប្រកបរបរកសិកម្ម និងនេសាទ។ ភ្ញៀវជាច្រើននិយាយថា នៅក្រចេះក្រៅពីអន្លង់ផ្សោតកាំពី កោះទ្រង់ជាបេះដូងទេសចរណ៍ទាក់ទាញភ្ញៀវលំដាប់ទី២ និងជាកសិទេសចរណ៍ធម្មជាតិ ដែលមានក្រូចថ្លុងដ៏ល្បីផ្អែមឆ្ងាញ់ និងដំណាំបន្លែជាច្រើនមុខទៀតដូចជា ស្ពៃ សណ្តែក ត្រសក់ ប៉េងប៉ោះ -ល-។
អ្នកស្រី យាន សុភី ជាបេឡានៅតំបន់ទេសចរណ៍សហគមន៍ធម្មជាតិកោះទ្រង់ បានប្រាប់ក្រុមការងារ «ផ្លូវទៅស្រុក» ថា៖ "លក្ខណៈពិសេសនៃកោះទ្រង់នេះ វាមានភាពស្ងប់ស្ងាត់ល្អ ខ្យល់អាកាសបរិសុទ្ធពីទន្លេមេគង្គ ហើយទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងតែទៅកម្សាន្តទីនោះ ពុំដែលខានឡើយ ដូចជាទៅមើលថ្ងៃរាប់លិចជាដើម។ រីឯការស្នាក់នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិនេះមាន Home Stay ឬផ្ទះស្នាក់នៅមានតម្លៃត្រឹមតែចន្លោះពី ៣ទៅ៦ដុល្លារតែប៉ុណ្ណោះ ក្នុង១យប់"។
ចំពោះមធ្យោបាយធ្វើដំណើរកម្សាន្តជុំវិញកោះ ដែលមានចម្ងាយសរុបប្រហែល១០គីឡូម៉ែត្រ អ្នកស្រីបានបញ្ជាក់ប្រាប់ថា ភ្ញៀវមាន៤ជម្រើសគឺ ជិះរទេះគោថ្លៃជាងគេ ១៥ដុល្លារ, រទេះសេះ១០ដុល្លារ, ម៉ូតូឌុប៥ដុល្លារ និងជិះកង់មានតម្លៃពី១ទៅ២ដុល្លារ តាមកង់ចាស់ឬថ្មី។ រីឯម្ហូបអាហារ ភ្ញៀវអាចកុម្ម៉ង់តាមចិត្តចង់ មានត្រីនិងមាន់ ហើយមានតម្លៃធូរថ្លៃសមរម្យផងដែរ៕
អត្ថបទ៖ វិន ជីវ័ន្ត
0 comments :
Post a Comment