សាលាអន្តរជាតិ លើននីង ចាំងហ្គល (Learning Jungle International School) បន្ថែមលើគុណភាពអប់រំស្តង់ដារអន្តរជាតិខ្ពស់ បានជួយជំរុញលើកទឹកចិត្តសិស្សឲ្យមានស្មារតីចេះជួយគ្នា និងមានសាមគ្គីភាពគ្នាតាមរយៈចូលរួមក្នុងសកម្មភាពសង្គម។
លោក លី វីរះ ប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាអន្តរជាតិ លើននីង ចាំងហ្គល បានផ្ដួចផ្ដើមគំនិតរៀបចំកម្មវិធីរៃអង្គាសថវិកាទឹកចិត្តសប្បុរសធម៌ជាលើកទី៣ ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា ដើម្បីរួមចំណែកជួយសង្គ្រោះជីវិតកុមារដែលត្រូវការការព្យាបាលជាចាំបាច់។
កម្មវិធីរៃអង្គាសថវិកាសប្បុរសធម៌នេះ គឺជាទឹកចិត្តសប្បុរសធម៌ជាលើកទី៣ហើយ ដែលខាងសាលាអន្តរជាតិហ្វ្រេនឆាយមកពីកាណាដាមួយនេះ បានរៀបចំឡើងដោយមានការគាំទ្រពីសិស្សានុសិស្ស អាណាព្យាបាល និងបុគ្គលិកទាំងអស់។ លើកទី៣នេះ សាលាបានរៃអង្គាសថវិកាសប្បុរសធម៌ ៧០០០ ដុល្លារ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសម្រួលដល់ការព្យាបាលអ្នកជំងឺ និងកុមារកម្ពុជាដែលត្រូវការជំនួយជាចាំបាច់។
មកទល់ពេលនេះ សាលាអន្តរជាតិនេះបានបរិច្ចាគថវិកាសរុបជាង ១៥ ០០០ ដុល្លារហើយ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
សាលាអន្តរជាតិ លើននីង ចាំងហ្គល ចាប់ផ្តើមដំណើរការនៅកម្ពុជា តាំងពីដើមខែមករា ២០១៤ មកម្ល៉េះ។ ថ្មីៗនេះ សាលាទើបតែបើកសម្ពោធសាខាបឋមសិក្សាថ្មីដ៏ធំ ដោយកម្មវិធីសម្ពោធត្រូវបានរៀបចំឡើងយ៉ាងធំដែលមានការចូលរួមពីឯកឧត្តម បណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Francis Hout ប្រធានការិយាល័យ និងអគ្គកុងស៊ុលនៃស្ថានទូតកាណាដា ប្រចាំកម្ពុជា លោក Nesmith Chincuanco នាយកប្រតិបត្តិ Learning Jungle ប្រទេសកាណាដា លោក David Sok Dara Marshall ប្រធានក្រុមប្រឹក្សាភិបាលនៃសភាពាណិជ្ជកម្មកាណាដាប្រចាំនៅកម្ពុជា និងអាណាព្យាបាលសិស្សយ៉ាងច្រើន។
សាលាអន្តរជាតិ លើននីង ចាំងហ្គល មាន២សាខា ដែលសាខាទី១ នៅផ្លូវលេខ៣៣៧ ខណ្ឌទួលគោក និងសាខាទី២ នៅផ្លូវលេខ៥៩៨ ខណ្ឌឬស្សីកែវ ដែលផ្ដល់ជូនសេវាអប់រំស្តង់ដារអន្តរជាតិចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦៕
ដោយ៖ សុផាត
0 comments :
Post a Comment