គ្រូបង្វឹកក្រុមបាល់ទាត់ សៀមរាបអង្គរ ចង់អភិវឌ្ឍន៍ក្រុមរបស់ខ្លួនឲ្យដូចក្រុមបាល់ទាត់អាជីពផ្សេងៗទៀតនៅប្រទេសកម្ពុជាប្រសិនបើមានការជួយជ្រោមជ្រែងពីសប្បុរសធម៌ណាក៏បាន។
លោក ឈឹម សារ៉ាត់ ដែលជាគ្រូបង្វឹកក្រុមបាល់ទាត់ខេត្តសៀមរាប ឲ្យដឹងបន្ទាប់ពីប្រកួតមិត្តភាពជាមួយក្រុមបាល់ទាត់ Cam -Tiger ថាប្រសិនបើមានសប្បុរសធម៌ខាងណាជួយដល់ក្រុមរបស់លោក លោកចង់អភិវឌ្ឍន៍ក្រុមបាល់ទាត់ខេត្តមួយនេះឲ្យទៅជាអាជីពដូចក្លឹបខ្លាំងដទៃទៀតនៅកម្ពុជា។
បច្ចុប្បន្ននេះក្រុមរបស់លោកមិនអាចប្រៀបធៀបជាមួយក្លឹបអាជីពផ្សេងៗទេគឺវាខុសគ្នាឆ្ងាយ ដូចជាបច្ចេកទេសនៃការលេងរបស់គេខ្ពស់ មានពេលវេលាសម្រាប់ហ្វឹកហាត់ត្រឹមត្រូវ កីឡាកររបស់គេមានប្រាក់ខែជាប្រចាំ និងមានប្រាក់ចំណាយផ្សេងៗក្នុងក្លឹប។ រីឯក្រុមរបស់លោកសុទ្ធតែជាកីឡាករលេងស្ម័គ្រចិត្តទាំងអស់ហើយភាគច្រើនជាកីឡាករក្មេងៗ។ បើទោះជាមិនមានលទ្ធភាពក្ដីតែគ្រូបង្វឹករូបនេះនៅតែមានក្ដីស្រមៃថានឹងចង់ដឹងនាំក្រុមខ្លួនឲ្យមានភាពរីកចម្រើននិងខ្លាំងដូចក្លឹបបាល់ទាត់អាជីពៗនៅកម្ពុជានាពេលខាងមុខ។
ក្រុមបាល់ទាត់ខេត្ត សៀមរាប ជាម្ចាស់មេដាយមាសលើប្រភេទកីឡាបាល់ទាត់នៃព្រឹត្តិការណ៍កីឡាជាតិលើកទី១។ ក្រុមបាល់ទាត់ម្ចាស់មេដាយមាសមួយនេះប្រកួតចុងក្រោយរបស់ខ្លួនចាញ់ក្រុម Cam-Tiger ដោយលទ្ធផល ៦-០ នាជំនួបមិត្តភាពកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦៕
អត្ថបទ៖ នួន ស៊ីណា
0 comments :
Post a Comment