វាគឺជាពេលវេលាដ៏គួរឲ្យរំជួលចិត្តមួយ នៅពេលសត្វសុនខ ដែលមានភាពស្មោះត្រង់នឹងម្ចាស់មួយក្បាល បានចូលទៅជួបមុខម្ចាស់ដែលជិតស្លាប់ ជាលើកចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
កាលពីខែវិច្ឆិកា កន្លងទៅនេះ បុរសម្នាក់មានឈ្មោះថា Ryan Jessen អាយុ៣៣ឆ្នាំ បានគិតថា ខ្លួនកើតមានរោគឈឺមួយចំហៀងក្បាល ប៉ុន្តែត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយរកឃើញថាមានអាការៈ ហូរឈាមខួរក្បាល និងមិនអាចព្យាបាលជាឡើយ។
រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា មនុស្សជាទីស្រលាញ់របស់ Ryan បានប្រមូលផ្តុំគ្នានៅក្នុងបន្ទប់មន្ទីរពេទ្យ ដើម្បីនិយាយពាក្យលាចុងក្រោយ។ ជាមួយគ្នានេះដែរ បុគ្គលិកមន្ទីរពេទ្យ បានអនុញ្ញាតឲ្យសត្វសុនខជាទីស្រលាញ របស់ Ryan ឈ្មោះ Mollie ជួបមុខលោកជាលើកចុងក្រោយផងដែរ។
ទិដ្ឋភាពនោះត្រូវបានថតជាវីដេអូ និងបង្ហោះទៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយទទួលបានការ Share ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ វាបានធ្វើឲ្យអ្នកនិយមប្រើប្រាស់បណ្តាញសង្គមមួយនេះ មានក្តីរំជួលចិត្តយ៉ាងខ្លាំង។
បងស្រីរបស់លោក Ryan អ្នកស្រី Michelle Jessen បានសរសេរសារនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១ ខែធ្នូ ថា «មន្ទីរពេទ្យបានធ្វើរឿងដ៏ល្អបំផុតមួយសម្រាប់ពួកយើង និងអនុញ្ញាតឲ្យសត្វសុនខសំណព្វចិត្តរបស់ប្អូនប្រុសខ្ញុំ ជួបមុខគេជាលើកចុងក្រោយទៀតផង។ Ryan ពិតជាស្រលាញ់ Mollie ខ្លាំងណាស់»។
ក្រុមគ្រូពេទ្យគិតថា អាការៈហូរឈាមខួរក្បាលនេះ គឺអាចបណ្តាលមកពី សម្ពាធឈាមខ្ពស់ ជាមួយនឹងការសង្ស័យថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងញឹកញាប់ របស់ Ryan អាចនឹងមានចូលរួមចំណែក។
យ៉ាងណាមិញ សរីរាង្គរបស់លោក Ryan ត្រូវបានបរិច្ចាគ ខណៈអ្នកស្រី Michelle បានឲ្យដឹងថា ក្មេងប្រុសអាយុ១៧ឆ្នាំម្នាក់ រស់នៅក្នុងរដ្ឋ California ដែលមានថ្ងៃខួបកំណើត ចំពិធីបុណ្យណូអែល នឹងទទួលបានបេះដូង របស់ប្អូនប្រុសអ្នកស្រី៕
0 comments :
Post a Comment