នារីជនជាតិជប៉ុនវ័យក្មេង មានឈ្មោះថា Marin Minamiya បានយកឈ្នះឧបសគ្គជាច្រើន រហូតអាចឡើងលើកំពូលភ្នំខ្ពស់បំផុត នៅលើពិភពលោក ចំនួន៧ ដោយក្នុងនោះ រួមមានទាំងភ្នំ Everest ផងដែរ។
នាង Marin អាយុ១៩ឆ្នាំ ជាសិស្សមហាវិទ្យាល័យម្នាក់ ដែលបានសម្រេចក្តីប្រាថ្នា គួរឲ្យកត់សម្គាល់ ហើយបានសារភាពថា ការឡើងភ្នំខ្ពស់បែបនេះ គឺជាចំណង់ចំណូលចិត្តរបស់នាង។
គួរបញ្ជាក់ថា បន្ទាប់ពីនាង Marin ឈានចូលវ័យ១៧ឆ្នាំ នាងបានទទួលយកការប្រជែងមួយ មានឈ្មោះថា «Explorer’s Grand Slam»។ នាង Marin នឹងព្យាយមដើម្បីក្លាយទៅជា មនុស្សវ័យក្មេងបំផុតមិនធ្លាប់មានពីមុនមក ដែលអាចឡើងលើកំពូលភ្នំខ្ពស់ៗ ទាំង៧ និងធ្វើដំណើរទៅចុងម្ខាងនៃផែនដី ពោលគឺ ប៉ូលខាងជើង និងប៉ូលខាងត្បូង។
រហូតមកដល់ពេលនេះ នាង Marinបានឡើងលើកំពូលភ្នំខ្ពស់ៗ ទាំង៧ និងធ្វើដំណើរទៅដល់ប៉ូលខាងត្បូង រួចមកហើយ នៅសល់តែបេសកកម្មចុងក្រោយមួយទៀតប៉ុណ្ណោះ គឺធ្វើដំណើរទៅប៉ូលខាងជើង ដើម្បីបញ្ចប់ការប្រជែងនេះ។
គួរបញ្ជាក់ថា នាង Marin បានចាប់ផ្តើមបេសកកម្ម តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ដោយចាប់ផ្តើមពី ភ្នំ Aconcagua កម្ពស់ ៦ ៩៦២ម៉ែត្រ (អាហ្សង់ទីន), ភ្នំ Vinson Massif កម្ពស់ ៤ ៨៩២ម៉ែត្រ (ឈីលី) និងបានធ្វើដំណើរទៅដល់ ប៉ូលខាងត្បូង ផងដែរ។
បន្ទាប់មកនាងបានបន្តដល់ ភ្នំ Mount Kilimanjaro កម្ពស់ ៥ ៨៩៥ម៉ែត្រ (តង់ហ្សានី), ភ្នំ Mount Elbrus កម្ពស់ ៥ ៦៤២ម៉ែត្រ (រុស្ស៊ី), ភ្នំ Mount Kosciuszko កម្ពស់ ២ ២២៨ម៉ែត្រ (អូស្ត្រាលី), ភ្នំ Mount McKinley កម្ពស់ ៦ ១៩០ម៉ែត្រ (អាឡាស្កា) និង ភ្នំ Mount Everest កម្ពស់ ៨ ៨៤៨ម៉ែត្រ (នេប៉ាល់)។
នាង Marin បានកាន់កាប់កំណត់ត្រា ជនជាតិជប៉ុនវ័យក្មេងបំផុត ដែលអាចឡើងដល់កំពូលភ្នំខ្ពស់បំផុតលើពិភពលោក ហើយនាងមានបំណងធ្វើដំណើរទៅដល់ ប៉ូលខាងជើង នៅខែមេសា ឆ្នាំ២០១៧ ខាងមុននេះ៕
0 comments :
Post a Comment