គ្រាប់បាល់តែតបញ្ចូលទីចុងម៉ោងរបស់ Mu Kanazaki ជួយឲ្យក្លឹបម្ចាស់ផ្ទះ Kashima Antlers ឈានទៅវគ្គ៨ក្រុមចុងក្រោយ ដែលជាការវាយបកយកឈ្នះជើងឯកទ្វីបអូសេអានី Auckland City ក្នុងលទ្ធផល ២-១ ជុំទី១ ព្រឹត្តិការណ៍ជើងឯកក្លឹបអាជីពពិភពលោក FIFA CLUB WORLD CUP 2016 កាលយប់ថ្ងៃទី៨ ធ្នូ លើវាលស្មៅកីឡដ្ឋាន International Stadium Yokohama។
ការប្រកួតចាប់ផ្ដើមដោយភាពរអាគ្នាទៅវិញទៅមក ដែលធ្វើឲ្យក្រុមទាំងពីរពុំអាចរកគ្រាប់បាល់បានឡើយ ក្នុងវគ្គទី១។ វគ្គទី២ចាប់ផ្ដើមបានត្រឹម៥នាទី ពោលនាទី៥០ កីឡាករសញ្ជាតិកូរ៉េខាងត្បូង Dae-UK Kim តែតនាំមុខបណ្ដោះអាសន្នឱ្យក្រុមភ្ញៀវ ក្រោយទទួលបាល់ហ្វ្រីឃីកបំផ្លោងពីមិត្តរួម។ ក្រោយរងការនាំមុខ ជើងឯក J-League ២០១៦ Kashima ចាប់ផ្ដើមវាយសម្រុករកគ្រាប់បាល់វិញម្ដង ហើយតាមស្មើបានសម្រេច ដោយការស៊ុតដ៏ល្អរបស់កីឡាករ Akasaki នៅនាទីទី៦៧។ ក្រុមម្ចាស់ផ្ទះនៅតែបន្តដាក់សម្ពាធ រហូតសល់ត្រឹម៣នាទីមុនសំឡេងកញ្ចែបញ្ចប់ការប្រកួត ពោលនាទីទី៨៧ Mu Kanazaki តែតគ្រាប់ជ័យជម្នះ នាំ Kashima Antlers ឡើងជួបជើងឯកទ្វីបអាហ្វ្រិក Mamelodi Sundowns ។
ទស្សនាឈុត High Light ពិសេសៗនៃព្រឹត្តិការណ៍៖
ដោយឡែក នៅថ្ងៃអាទិត្យ ទី១១ ធ្នូ ចុងសប្តាហ៍នេះ ចាប់ពីវេលាម៉ោង ១:៣០ នាទីរសៀល ទស្សនិកជន នឹងបានទស្សនាការប្រកួតវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្ររវាងជើងឯកទ្វីបអាស៊ីមកពីកូរ៉េខាងត្បូង Jeonbok Motors ត្រូវប៉ះ Club America ជើងឯកទ្វីបអាមេរិកខាងជើង កណ្ដាល និងការីប៊ីន មកពីម៉ិកស៊ីកូ ខណៈគូបន្ទាប់ Kashima antlers ប៉ះក្រុមអាហ្វ្រិកខាងត្បូង Mamelodi Sundowns មកពីទ្វីប អាហ្វ្រិក ចាប់ពីម៉ោង ៥:០០នាទីល្ងាចតទៅ។
ព្រឹត្តិការណ៍ជើងឯកក្លឹបអាជីពពិភពលោកធំផ្ដាច់គេ FIFA Club World Cup ២០១៦ នឹងមានផ្សាយបន្តផ្ទាល់ពីកីឡដ្ឋាន Suita City Football នាទីក្រុង Osaka លើកញ្ចក់ទូរទស្សន៍ភីអិនអិន តែមួយគត់។ ទស្សនាឈុតពិសេសៗនៃការប្រកួតបន្ទាប់៖
ដោយ៖ សុផាត
0 comments :
Post a Comment