ការប្រកួតពានរង្វាន់បាល់ទាត់កុមាររបស់ក្រុមហ៊ុន Toyota (U12) បានចាប់ផ្ដើមរដូវកាលថ្មីរបស់ខ្លួនហើយ ដោយមាន២៤ក្រុមចូលរួមមកពីតាមបណ្ដាសាលានានានៅរាជធានីភ្នំពេញ។
ដោយការប្រកួតរដូវកាលទី២នេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៦ នេះរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ ដែលត្រូវជាថ្ងៃនៃការប្រកួតជើងឯកពានរង្វាន់ Toyota Mekong Cup នៅកម្ពុជាតែម្ដង។ ដោយក្រុមទាំង២៤នេះ នឹងបែងចែកជា២ពូល ដើម្បីប្រកួតជម្រុះ។ ដោយពូលជម្រុះទី១ ធ្វើឡើងនៅថ្ងៃទី១៨ខែនេះ និងពូលជម្រុះទី២ គឺនឹងធ្វើឡើងនៅថ្ងៃទី២៥ខែនេះដូចគ្នា នៅតារាងបាល់ទាត់ 3G ដោយវគ្គជម្រុះនីមួយៗ ត្រូវជម្រុះយកតែ៦ក្រុមទេ ដើម្បីទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
ចំពោះរង្វាន់ជើងឯកវិញ ក្នុងការប្រកួតខាងលើនេះ គឺក្រុមលេខ១បានពានរង្វាន់និងមេដាយមាស ក្រុមលេខ២ បានមេដាយប្រាក់ ក្រុមលេខ៣ ទទួលមេដាយសំរឹទ្ធ និងកីឡាករលេងល្អជាងគេទទួលបានពានរង្វាន់ផងដែរ។
លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន Toyota Cambodia បាននិយាយដែរថា កម្មវិធីខាងលើត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជាឱ្យកាន់តែរីកចំរើនឡើង ដោយចាប់ផ្ដើមពីការបណ្ដុះបណ្ដាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេកាន់តែល្អឡើង៕
អត្ថបទ៖ មុន្នីរម្យ
0 comments :
Post a Comment